តោះសិក្សាឈ្វេងយល់ពាក្យមួយម៉ាត់ដែលសំខាន់បំផុត គឺ ពាក្យថា ជាតិ គឺ អ្វី?

តើជាតិ គឺ អ្វី?

ម្នាក់ៗ ស្នេហាជាតិគ្រប់គ្នា ប៉ុន្តែឆ្លើយនឹងសំណួរខាងលើ ប្រាកដជាពិបាក

សម្រាប់ខ្មែរយើង មានការវែកញែក ពីរ យ៉ាង ខុសគ្នានៃពាក្យ « ជាតិ » ៖
ការវែកញែក តាមនិយមន័យ «បុរាណ» និង ការវែកញែក តាមនិយមន័យ «សម័យ» ។

១) ការវែកញែកតាមនិយមន័យ «បុរាណ»

ជាតិ ជាពាក្យដែលមានប្រភពអំពី បាលី-សំស្រ្កិត ជាពាក្យមួយដ៏សំខាន់ក្នុងអរិយធម៌ឥណ្ឌា ទាំងផ្នែកសាសនា ទាំងផ្នែកសង្គមធម៌  ។  ក្នុងន័យដើម ជាតិ មានន័យថា កំណើត ឬ ជីវិត ។
យើង​មានឧទាហរណ៍មួយចំនួន ៖ មនុស្សចាំជាតិ … បាបចុះនរក ប្រាំរយជាតិ … ជាតិមុន ជាតិនេះ ជាតិក្រោយ … រសជាតិ … ធម្មជាតិ រុក្ខជាតិ មច្ឆជាតិ តិណជាតិ វារិជាតិ មនុស្សជាតិ … អង្គជាតិ
៘ និង ៘

ឃើញថា ខ្មែរយើងប្រើពាក្យ « ជាតិ» ក្នុងន័យទូលំទូលាយបំផុត នេះមិនទាន់គិតពាក្យខ្លះ ដូចជា ទសជាតក ( អានថា ទោះ ជា ដក់ ) មានបង្កប់ពាក្យ ជាតិ គឺរឿង ១០ជាតិនៃព្រះពោធិសត្វ មុន ពុទ្ធជាតិ ។

ឬ សូម្បីពាក្យ « កម្ពុជា » ក៏មានបង្កប់ពាក្យ « ជា » ដែលមានន័យថា ជាតិ ជីវិត ឬ កំណើត ដែលផ្តល់ដោយ ឥសី «កម្ពុ»  ប៉ុន្តែ គោលបំណងចម្បងក្នុងពេលនេះ គឺ ពន្យល់ពាក្យជាតិ ក្នុងអត្ថន័យទី ២ ៖

២)  ការវែកញែកតាមនិយមន័យ «សម័យ»

ទើបតែជាងមួយសតវត្សរ៍ នេះទេ ដែលយើងចាប់ប្រើពាក្យជាតិ ក្នុងអត្ថន័យទី២ ឬ ក្នុងនិយមន័យ«សម័យ» ។ មាន ជាឧទាហរណ៍ ៖ ជាតិខ្មែរ អន្តរជាតិ អង្គការសហប្រជាជាតិ …

និយាយឲ្យចំ យើងចាប់ពាក្យ ជាតិ ក្នុងនិយមន័យសម័យ ក្រោយសម័យអាណានិគមបារាំង ត្បិតអីជាពេល ដែលយើង ចាប់ទទួលអរិយធម៌បស្ចិមលោក ។

ថៃ និង ខ្មែរ បានប្រើពាក្យ «ជាតិ» តម្រូវនិងពាក្យ Nation (បារាំង និងអង់គ្លេស សរសេរដូចគ្នា) ។
ពីបុរាណ យើងប្រើពាក្យ «ពូជសាសន៍» ឬ «សាសន៍» ជំនួសពាក្យ «ជាតិ»
ឧទាហរណ៍ ៖ សាសន៍ខ្មែរ សាសន៍ចិន សាសន៍យួន … កូនកាត់បីសាសន៍ ។
សាសនា ជាគ្រឹះដ៏សំខាន់ នៃអរិយធម៌ ហេតុដូច្នេះបានជា ខ្មែរយើង កាលណោះ ប្រើពាក្យសាសន៍ … មិនទាន់នឹកឃើញ ប្រើពាក្យ «ជាតិ» ។

ពាក្យ Nation របស់ បារាំង ឬ អង់គ្លេស មានប្រភពអំពី ភាសាឡាតាំង ហើយមានន័យ ដូចគ្នាបេះបិទ និងពាក្យ«ជាតិ» ដែលមានន័យថា កំណើត ។

ការរីកចំរើននៃវិទ្យាសាស្ត្រ ទំនាក់ទំនងអន្តរជាតិ … ប្រព័ន្ធសេដ្ឋកិច្ចក្នុងលោក… និយាយរួម ការវិវឌ្ឍន៍នៃសង្គមមនុស្សសម័យទំនើប តម្រូវឲ្យមានការកំណត់ព្រំដែន ភូមិសាស្ត្រឲ្យបានច្បាស់លាស់ នៃ ប្រទេសជាតិនីមួយៗ … ដូច្នេះ ការប្រើពាក្យ ជាតិ ជំនួសពាក្យ សាសន៍ ជាការចាំបាច់ ។

តើកត្តាអ្វីខ្លះ ដែលកំណត់ «ជាតិ» នីមួយៗ ?

កត្តា«សាសនា» (…+ អរិយធម៌) ?
តាមពិត សាសនា ឬ អរិយធម៌ មិនអាចជាកត្តា កំណត់ «ជាតិ» មួយបានទេ ។ ខ្ញុំបានដាក់សាសនា ក្នុងពេលនេះ ដើម្បីពន្យល់ ហេតុផល នៃឧទាហរណ៍ពីរខាងក្រោមនេះ ៖

១/- កាលពីបុរាណ ខ្មែរយើង ប្រើពាក្យ សាសន៍(= សាសនា) ដើម្បីសម្គាល់ ជាតិ ។ នេះបង្ហាញ អំពីសារៈសំខាន់ នៃសាសនា (ពុទ្ធសាសនា ឬ ព្រហ្មញសាសនា) ដែលយើង បានទទួល ។ មានសាសនា ទើបមាន ឯករាជ្យភាពជាតិ ។ កុលសម្ពន្ធ ផ្សេងៗ ដូចជា ភ្នង កួយ រដែ ស្ទៀង … មិនមានសាសនា មិនអាចចាត់ទុកថាមាន «ពូជសាសន៍» ឬ ជា «ជាតិ» មួយបាន ឡើយ ។ យើងហៅ សាសន៍បារាំង សាសន៍ចិន សាសន៍ឥណ្ឌា … តែមិនហៅ សាសន៍ភ្នង សាសន៍កួយ ទេ … បច្ចុប្បន្ន គេហៅពួកគាត់ថា ជន«ជាតិ»ភាគតិច ។

២/- សាសនា ដ៏ចំណាស់ពីរ ដែលជាប្រភពនៃសាសនាសំខាន់ៗ ក្នុងលោក គឺ សាសនាយូដា និង ព្រហ្មញ្ញសាសនា ក៏ធ្លាប់ជាកត្តាកំណត់ ពូជសាសន៍ដែរ ។

សាសនា យូដា Juda ឬ ហេប្រ៊ូ Hebrew ជាសាសនាផ្តាច់មុខ របស់ ជនជាតិ ជ្វីហ្វ Jewish ។ មានតែជនជាតិ ជ្វីហ្វ ឬ យូដា ទេ ដែលកាន់សាសនា ហេប្រ៊ូ Hebrew ។ ជនជាតិ ជ្វីហ្វ ឬ យូដា រស់នៅរាយ ពាសពេញទ្វីបអឺរ៉ុប មាននៅប្រទេសរុស្សុី និង មាននៅទ្វីបអាមេរិក ។ ខុសពីសាសន៍ ឬ សាសនា ដ៏ទៃ ជនជាតិ Jewish មិនបានផ្សព្វផ្សាយសាសនា របស់គេចែកជូន ដល់ជនជាតិណាផ្សេងទៀតឡើយ ។
ជនជាតិជ្វីហ្វ បានរងគ្រោះ បាត់បង់ជីវិត ពី៥លាន ទៅ ៦លាននាក់ ដោយរបប Nazie នៃលោក Hitler កាលពីសង្គ្រាមលោកលើកទី២ ។

ពិភពលោក អង្គការសហប្រជាជាតិ មហាអំណាច បានមូលមតិ បង្កើតរដ្ឋអុីស្រាអែល ដែលបានបាត់បង់ទឹកដីរបស់ខ្លួន តាំងពី ជាង១០០០ឆ្នាំមកហើយ ដើម្បីអនុញ្ញាតិ ជនជាតិ Jewish មានប្រទេសជាតិរបស់ខ្លួន លើទឹកដីដើម នៃបុព្វបុរស របស់ពួកគេ ។

សម្គាល់ ៖

– ជនជាតិ អុីស្រាអែល ជនជាតិ ជ្វីហ្វ Jewish ជនជាតិ យូដា Juda ជាជនជាតិ តែមួយ

– សាសនា យូដា Juda ឬ ហេប្រ៊ូ Hebrew ⇒ សាសនាគ្រិស្ត (កាតូលិក + ប្រូតេស្តង់ + អកតូដុក)

⇒ សាសនា អុីស្លាម ឬ ម៉ូស្លីម ឬ មុយស៊ុលម៉ង់

មានន័យថា សាសនា យូដា Juda ឬ ហេប្រ៊ូ Hebrew ជាប្រភព នៃ សាសនាគ្រិស្ត និង សាសនា ម៉ូស្លីម ។

ដូចយើងធ្លាប់បានដឹងហើយ រហូតមកទល់ សតវត្សរ៍ទី ១៨ មុនអាណានិគម នៅប្រទេសឥណ្ឌា ពុំមានអ្នកណាមានសិទ្ធរៀនភាសាសំស្ក្រិត ទេ ក្រៅពី វណ្ណៈព្រាហ្មណ៍ ។ នេះបង្ហាញថា មានតែស្រទាប់វណ្ណៈព្រាហ្មណ៍ ដែល ចេះដឹងយល់ ច្បាស់អំពី សាសនាព្រាហ្មណ៍ ដោយមានលទ្ធភាពសិក្សាគម្ពីត្រៃវេទ ។

ខ្ញុំលើកមកនេះគ្រាន់តែចង់បង្ហាញថា ក្នុងសម័យបុេរាណ សាសនា និង អរិយធម៌ ជាកត្តាដ៏សំខាន់ ដែលបែកចែកតម្លៃរវាងជនជាតិដែលមាន និង គ្មានសាសនា ។

ករណីសាសនាម៉ូស្លីម ៖ សាសនាម៉ូស្លីម និង សាសនាយូដា ដូចគ្នាត្រង់ថា ម្ចាស់ដើមនៃសាសនា ត្រូវតែកាន់សាសនារបស់ខ្លួន ប៉ុន្តែខុសគ្នាត្រង់ថា ជនជាតិអារ៉ាប់ខិតខំដោយគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយសាសនារបស់គេ ។
ដូចនេះ ជនជាតិអារ៉ាប់ ដែលជាម្ចាស់សាសនា ម៉ូស្លីម ត្រូវតែកាន់សាសនា ម៉ូស្លីម ។ សាសនា មិនអាចកំណត់ជាតិសាសន៍បានឡើយ ។

កត្តា«ភាសា» នេះជាកត្តាធម្មជាតិ សំខាន់ជាងគេ ក្នុងការកំណត់ពូជសាសន៍ ឬ ជាតិ ។ ក្មេងៗ គិតដូច្នេះ ខ្មែរនិយាយខ្មែរ ចិននិយាយចិន យួននិយាយយួន សៀមនិយាយសៀម បារាំងនិយាយបារាំង
ការផ្សព្វផ្សាយអរិយធម៌ សង្គ្រាមវាតទឹកដី អាណានិគមនិយម … ឬ សូម្បី អន្តោប្រវេសន៍ បានធ្វើឲ្យ ភាសា ដែលជាកត្តាធម្មជាតិ នៃការកំណត់ពូជសាសន៍ ឈប់អាចកំណត់ យកការបាន ។

ប្រទេសឥណ្ឌា ប្រទេសចិន សុទ្ធសឹងជាប្រទេស ដែលមានច្រើនភាសានិយាយ ។ ប្រទេស អារ៉ាប់ជាច្រើន និយាយភាសាអារ៉ាប់ តែមួយ ។ ភាសាអង់គ្លេស ត្រូវបាននិយាយ ជាភាសាកំណើត នៅប្រទេសអង់គ្លេស នៅសហរដ្ឋអាមេរិច អូស្ត្រាលី ញូស៍ឡែន នៅកាណាដា ។

ភាសា មិនអាចកំណត់ ជាតិសាសន៍ បានឡើយ ។

កត្តា«មាតុភូមិ»
កាលពី ប៉ុន្មានឆ្នាំមុន សាធារណរដ្ឋបារាំង បានសិទ្ធ ដោយស្វ័យប្រវត្តិ ចំពោះទារក ដែលកើតនៅប្រទេស់បារាំង … ឥឡូវច្បាប់នេះត្រូវបានកែប្រែបន្តិច ៖ សញ្ជាតិ ផ្តល់ឲ្យ ក្នុងលក្ខន្តិក: ដែលសាមុីខ្លួន នៅពេលពេញវ័យ ១៤ឆ្នាំ ដាក់ពាក្យសុំ ចូលសញ្ជាតិបារាំង ដោយខ្លួនឯង ។

សព្វថ្ងៃ មានបងប្អូនខ្មែរយើង ដែលរស់នៅពាស់ពេញពិភពលោក ហើយមានសញ្ជាតិ ទៅតាមប្រទេស ដែលសាមុីខ្លួនស្នាក់នៅ ។

ឧទាហរណ៍ ខាងលើបង្ហាញថា ៖ មាតុភូមិមិនអាចកំណត់ជាតិសាសន៍បានឡើយ ។

កត្តា«នយោបាយ» ជាការពិត ដែលជាតិនីមួយៗ ត្រូវមាន ៖

– ប្រទេស ឬ ទឹកដី (កត្តាមាតុភូមិ ដែលរៀបរាប់ខាងលើ)

– ប្រជាជន ឬ ពលរដ្ឋ

– មានរដ្ឋាភិបាល ឬ ច្បាប់គ្រប់គ្រង

មានន័យថាជាតិ នីមួយៗ ត្រូវមាននយោបាយរៀងៗខ្លួន សម្រាប់ប្រទេសជាតិ សម្រាប់ប្រជាជន ។ ប៉ុន្តែត្រូវមាន ជាតិ ជាមុនសិន ដូច្នេះ «នយោបាយ» មិនមែនកត្តាដែលកំណត់ «ជាតិ» ទេ ! ប៉ុន្តែ ជាកត្តាដែល «បំរើជាតិ» ។

កត្តា«ប្រវត្តិសាស្ត្រ» «ប្រវត្តិសាស្ត្រ» ជាកត្តាដែលកំណត់ «ជាតិ» ។ អ្នកដែលគិតគូររឿងជាតិ គឺស្រឡាញ់ ចង់ចេះ ចង់ដឹង អំពីប្រវត្តិសាស្ត្រជាតិ ។ ដូច្នេះហើយ បានជាអ្នកនយោបាយ ត្រូវចេះ និង យល់ឲ្យច្បាស់ អំពីប្រវត្តិសាស្ត្រ ជាពិសេស ប្រវត្តិសាស្ត្រជាតិ ។ បងប្អូនរួមជាតិ (មិននិយាយអំពី បងប្អូនរួមឈាម ទេ) គឺ បងប្អូនរួមប្រវត្តិសាស្ត្រ ។

ប្រទេសជាតិមួយត្រូវមានប្រវត្តិសាស្ត្រមួយ ប្រវត្តិសាស្ត្រជាតិ ជាកម្រងអនុស្សាវរីយ៍រួម ដែលប្រជាជនម្នាក់ៗ រាប់ទុក ថាជាបេតិកភ័ណ្ឌជាតិ ។

ដូច្នេះ បើអ្នកចាត់ទុក ខ្លួនអ្នកជា «ខ្មែរ» អ្នកត្រូវស្រឡាញ់ប្រវត្តិសាស្ត្រខ្មែរ ។ អ្នកត្រូវចាត់ទុកថា ព្រះបាទកោណ្ឌញ្ញ និង ព្រះនាងសោមា ជា បឋមក្សត្រខ្មែរ ។ អ្នកត្រូវចាត់ទុកថា ព្រះបាទជ័យវរ្ម័នទី៧ ជាកំពូលមហាក្សត្រខ្មែរ និង បុព្វបុរស របស់អ្នក ជាអ្នកសាងអង្គរ ។

ប៉ុន្តែ សព្វថ្ងៃ ប្រទេសយើងកំពុងមានបញ្ហាត្រង់នេះ ៖ កម្ពុជាមិនទាន់មានឯកភាពប្រវត្តិសាស្ត្រជាតិ ៕ Saveth Chea

Leave a comment