បែកធ្លាយប្រវត្តិលោក សម សារី ឪពុក លោក សម រង្សី អ្នកនយោបាយភាគីប្រឆាំងបច្ចុប្បន្ន

លោក សម សារី ជាវីរបុរសខ្មែរ ជាអ្នកដឹកនាំស្អាតស្អំ ជាអ្នកជាតិនិយម មានចំណេះវិជ្ជាខ្ពង់ខ្ពស់ លោកប្រឹងប្រែងតស៊ូដើម្បីប្រទេសជាតិ ទឹកដី និងដើម្បីប្រជារាស្ត្រខ្មែរទាំងមូល លោកក៍បានធ្វើអោយប្រទេសកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិ ហើយលោកបានទាមទារឯករាជ្យភាពកុំអោយមានការបែកចែកប្រទេសកម្ពុជាជា ២ ផងដែរ ។

លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជា ឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំនៅចក្រភពអង់គ្លេស ។  លោកធ្លាប់ជាមនុស្សជំនិត ​របស់សម្តេចព្រះនរោត្តមសីហនុ។  ទស្សនាវដ្តីថាមស៍ (Times) ចុះផ្សាយកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៨ បានសរសេរថា លោក សម សារី មានស្នាដៃក្នុងការដឹកនាំគណប្រតិភូកម្ពុជាទៅចូលរួមក្នុងសនិ្នសីទក្រុងហ្សឺណែវ នៅឆ្នាំ១៩៥៤ ដើម្បីបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន ។

លោកបានក្លាយ ជាវីរបុរសជាតិនៅពេលនោះ ដោយលោកបានបញ្ចៀស មិនអោយកម្ពុជាពុះចែកជាពីរ ដូចជា ករណីប្រទេសវៀតណាម ត្រូវបែងចែកជាវៀតណាមខាងជើង និង វៀតណាមខាងត្បូង​ជាដើម​។ ដោយគុណបំណាច់ចំពោះជាតិនេះ សម្តេចព្រះនរោត្តម សីហនុដែលទ្រង់ដាក់រាជ្យ ហើយយាងមកដឹកនាំរាជរដ្ឋាភិបាលក្នុងព្រះរាជតំណេងជានាយករដ្ឋមន្រ្តីនោះ ទ្រង់បានតែងតាំងលោក សម សារី ជាឧបនាយករដ្ឋមន្តី្រ ។ ទស្សនាវដ្តី សរសេរបន្តទៀតថា ជីវិតនយោបាយ លោក សម សារី ក៏ត្រូវធ្លាក់ចុះវិញស្រឹតៗ ជាបន្តបន្ទាប់ដោយការចោទប្រកាន់មួលបង្កាច់​នានាពីសំណាក់គូប្រជែង​នយោបាយ​របស់លោកដែលទស្សនាវដ្តី ថាមស៍ សរសេរថា គឺ លោក សឹម វ៉ា។

ការធ្លាក់ចុះចុងក្រោយ របស់លោក សម សារី គឺ នៅពេលដែលលោកមានទំនាស់ជាមួយស្រ្តីខ្មែរម្នាក់ ឈ្មោះ អ៊ីវ អេង សេង ដែលគេចោទថាជាប្រពន្ធចុងរបស់លោក សម សារី រហូតដល់មានអំពើហឹង្សាផង។ ពេលនោះ លោក សម សារី កំពុងបំពេញមុខងារជាឯកអគ្គរាជទូតកម្ពុជានៅប្រទេសអង់គ្លេស។ បន្ទាប់ពីនោះ លោក សម សារី ក៏ត្រូវគេសរសេរថាបានមានសេចក្តីអាក់អន់ចិត្តជាមួយនឹងសម្តេចព្រះនរោត្តម
សីហនុ បន្ទាប់មកក៏បាត់ខ្លួនដោយអាថ៌កំបាំងតែម្តង៕

Leave a comment